ត្រពាំងសង្កែ

សហគមន៍នេសាទត្រពាំងសង្កែ

សហគមន៍នេសាទត្រពាំងសង្កែស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ សហគមន៍នេសាទត្រពាំងសង្កែមានភូមិសាស្ត្រស្ថិតនៅភាគអាគ្នេយ៍ ចម្ងាយប្រមាណជា៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ដែលមានព្រំប្រទល់ខាងលិចជាប់នឹងឃុំជុំគ្រៀល និងឃុំកំពង់សំរោង ខាងជើងជាប់ឃុំត្រពាំងព្រីង ខាងកើតជាប់ឃុំកូនសត្វ ខាងត្បូងជាប់នឹងសមុទ្រ។

សហគមន៍នេសាទត្រពាំងសង្កែបានរៀបចំផ្ដួចផ្ដើមបង្កើតឡើងតាំងពីឆ្នាំ២០០៥ ដោយធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍បានចំនួន៩រូប ក្នុងនោះមានស្រ្តី៣នាក់ និងមានសមាជិក២០២៧នាក់ ស្រី១០៣១នាក់ ក្នុងនោះដែរបានចូលជាសមាជិកពេញលេញ ៧៣៤នាក់ ស្រី៣៦៣នាក់ ស្មើនឹង៥០៧គ្រួសារ។ សហគមន៍នេសាទត្រពាំងសង្កែបានរៀបចំបង្កើតឡើងដោយសន្និបាតដំបូងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៩ ដោយមានការជួយសម្របសម្រួលពីខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការCWDCC។ សហគមន៍នេសាទត្រពាំងសង្កែបានទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រកាសលេខ១២៣ ប្រក.កសក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១។

សហគមន៍នេសាទត្រពាំងសង្កែ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៣ភូមិរួមមាន ភូមិត្រពាំងសង្កែ ភូមិកំពង់កែស និងភូមិត្រពាំងធំ ដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន១,០៣១គ្រួសារ ស្មើនឹង២,០២៧គ្រួសារ ស្រី១,០២៩នាក់ និងគ្រប់គ្រងលើទំហំផ្ទៃដីដែននេសាទចំនួន៣៣៧ហិកតា ក្នុងនោះដីព្រៃកោងកាងមាន៥៦ហិកតា។

ក្នុងឆ្នាំ២០១២ ទីកន្លែងនេះក្លាយជាតំបន់មួយដែលមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវពិសេសភ្ញៀវបរទេសតែងតែមកទស្សនាព្រៃកោងកាង មើលថ្ងៃលិចជាដើមដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធពិសេសមន្ទីរទេសចរណ៍ខេត្ត ដើម្បីរៀបចំប្រែក្លាយតំបន់នោះទៅជាតំបន់សហគមន៍អេកូទេសចរណ៍មួយប្រកបដោយភាពទាក់ទញ និងរៀបចំឲ្យមានសេវាផ្សេងៗឲ្យភ្ញៀវទេសចរដូចជាៈ សេវាស្នាក់នៅ សេវាហូបចុក សេវាកំសាន្ត...។