ភ្នំឈ្ងោក
រមណីយដ្ឋានភ្នំឈ្ងោក
ប្រាសាទភ្នំឈ្ងោកគឺជារមណីយដ្ឋានវប្បធម៌មួយដែលមានលក្ខណៈជាទីកន្លែងសម្រាប់ប្រជាជនខ្មែរធ្វើការគោរពអបិយជំនឿបែបព្រហ្មសាសនាដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនទៅតាមជំនឿរបស់ពួកគេរៀងៗខ្លួន។ ផ្នែកដែលសំខាន់ និងចង់ទស្សនាក្នុងល្អាង (រូង) ភ្នំដែលមានទីតាំងនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណ៨គ.ម ប៉ែកឦសានទីក្រុងកំពត។
ដើម្បីទៅដល់ភ្នំឈ្ងោក គេអាចធ្វើដំណើរតាមផ្លូវចូលតាមក្លោងទ្វារវត្តប្រឡាយខាងត្បូងផ្លូវចូលទៅរោងចក្រស៊ីម៉ង់ត៍ និងចូលតាមក្លោងទ្វារមន្ទីរស្រុកទឹកឈូ ដោយធ្វើដំណើរឆ្លងកាត់ភ្នំក្បាលរមាសក៏បាន។
ភ្នំឈ្ងោកជាភ្នំថ្មដែលពុំសូវមានរុក្ខជាតិធំៗទេ គឺច្រើនតែកូនឈើតូចៗដុះតាមក្រហែបថ្មដែលហុំព័ទ្ធទៅដោយលតាវល្លិរយោងរយានស៊ុបទ្រុបលើថ្មផង។ ទិដ្ឋភាពរួមនៃភ្នំនេះគឺមានបណ្ដោយលាតសន្ធឹងពីជើងទៅត្បូងកាត់ទទឹងថ្ងៃដែលមានប្រវែងប្រមាណ៨០០ម៉ែត្រ ទទឹង៧០០ម៉ែត្រ កម្ពស់ប្រមាណពី៥០ទៅ៧០ម៉ែត្រ។ នៅលើកំពូលភ្នំនេះពុំសូវមានខ្នងរាបទេ ដូច្នេះការធ្វើដំណើរលើខ្នងភ្នំមានការលំបាក ម៉្យាងទៀតការឡើង និងចុះទៅមើលប្រាសាទក្នុងល្អាងពីមុនមានការលំបាកតែបច្ចុប្បន្ន ព្រះសង្ឃ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋានបានកសាងកាំជណ្ដើរដោយរៀបជាថ្ម បានបង្កលក្ខណៈងាយស្រួលមួយកម្រិតដល់អ្នកទេសចរដែលទៅកម្សាន្ដនៅទីនោះ ដោយបានរៀបធ្វើជាកាំជណ្ដើរឡើងពីក្រោមរហូតដល់លើមានប្រមាណ ២០១កាំ។
មិនឆ្ងាយប៉ុន្មានពីខាងលិចភ្នំឈ្ងោក មានវត្តអារាមមួយកន្លែងឈ្មោះវត្តអង្គស្ដុក ហៅវត្តបុះត្របែក ដែលជាកន្លែងសម្រាប់ប្រជាជនធ្វើបុណ្យទានទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។