ភ្នំក្បាលរមាស

បុរេប្រវត្តិភ្នំក្បាលរមាស រឺហៅថាភ្នំនាងសេដាឱន

រមណីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស រឺហៅថាភ្នំនាងសេដាឱន គឺជាអតីតស្ថានីយ៍បុរេប្រវត្តិនាសម័យយុគថ្មរំលីង មានអាយុកាលប្រហែលមុនគ្រឹស្កសករាជ ៥០០០ ឆ្នាំមកហើយ។ បច្ចុប្បន្ន ភ្នំនេះមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ៧គីឡូម៉ែត្រ។ ដើម្បីទៅកាន់ភ្នំក្បាលរមាស ភ្ញៀវទេសចរអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣៣ ទិសដៅពីកំពតទៅកាន់ខេត្តកែប រួចបត់ចូលតាមខ្លោងទ្វាសាលាស្រុកទឹកឈូ ទៅត្រង់រហូតដល់ខ្លោងទ្វាវត្តពោធិ៍ព្រឹក្ស ហៅវត្តតូប រួចចូលតាមខ្លោងទ្វាវត្តនោះប្រហែល ១៥០ម៉ែត្រទៀត។ ភ្នំនេះ ជាប្រភេទរូងភ្នំថ្មដែលពោរពេញដោយរឿងរ៉ាវប្រវត្តិសាស្រ្តដ៏គួរអោយចាប់អារម្មណ៍ជាច្រើន។ ពេលចូលទៅដល់ក្នុងរូងភ្នំ យើងនឹងបានឃើញកន្លែងសក្តារៈបូជាមួយដែលរៀបចំឡើងដោយអ្នកស្រុក ដើម្បីលាបំណន់ក្នុងសម័យសង្គ្រាម និងទុកសម្រាប់គោរពបូជាជារៀងរាល់ថ្ងៃសីល។ ភ្នំថ្មនេះសម្បូរដោយរូងល្អាងជាច្រើនខ្វាត់ខ្វែង មានច្រកតូចធំ។​ នៅខាងក្នុងមានសភាពងងឹតខ្លាំង និងស្ងប់ស្ងាត់ តែបង្កប់ដោយថ្មប្លែកៗមានសណ្ឋានរដិបរដុបដូចជាសត្វស្វា សត្វដំរី រួមទាំងថ្មផ្លេកៗ រុក្ខជាតិផ្ការាំទឹករាំ សត្វប្រចៀវ ជាពិសេសមានផ្កាថ្ម និងសំបកខ្យងនៅជាប់ជញ្ជាំងតែម្តង។